ข่าวประชาสัมพันธ์

ព័ត៌មាននិងសកម្មភាព

26 សីហា 2018
ពិធីចុះហត្ថលេខាលើអនុសារណៈនៃកិច្ចព្រមព្រៀង រវាងក្រុមហ៊ុនម៉ាក្រូខេមបូឌា ឯ.ក និង មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមកម្មវិធីអប់រំ “ការគ្រប់គ្រងអាជីវកម្មលក់រាយ”។

ម៉ាក្រូ គឺជាមជ្ឈមណ្ឌលចែកចាយផលិតផលបែបបោះដុំក្នុងប្រព័ន្ធសមាជិកមកពីប្រទេសថៃ ដែល ផ្តល់សេវាកម្មដល់សមាជិកអាជីពក្នុងវិស័យលក់រាយដូចជាហាងលក់ចាប់ហួយ សណ្ឋាគារ ភោជនីយដ្ឋាន និង សេវាកម្មម្ហូបអាហារ ព្រមទាំងប្រតិបត្តិករអាជីវកម្មជាច្រើនទៀត។ ម៉ាក្រូផ្តល់ជូនទាំងផលិតផលក្នុងស្រុក និងអន្តរជាតិជាច្រើនប្រភេទ ប្រកបដោយគុណភាពដែលធានាសុវត្ថិភាពដោយស្តង់ដារប្រទេសថៃ និងអន្តរជាតិក្នុងតម្លៃដែលអតិថិជនអាចគ្រប់គ្រងនិងទទួលបានប្រាក់ចំណេញ។

ក្រៅពីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន ដោយផ្គត់ផ្គង់នូវផលិតផលទំនិញហើយនោះ ម៉ាក្រូ ថែមទាំងជួយគាំទ្រដល់អាជីវករលក់រាយ ដោយការបង្កើតគម្រោងមិត្តសម្លាញ់ចាប់ហួយ ជាកន្លែងផ្តល់យោបល់ប្រឹក្សាដល់ហាងលក់រាយដែលជាសមាជិក និងអ្នកមានចំណាប់អារម្មណ៍លើអាជីវកម្មលក់រាយ ផ្តល់ចំណេះដឹងយ៉ាងយកចិត្តទុកដាក់ដោយអ្នកជំនាញ និងបទពិសោធន៍ខ្ពស់ អភិវឌ្ឍហាងចាប់ហួយសម័យថ្មីដើម្បីធ្វើឲ្យអាជីវកម្មលូតលាស់ រីកចម្រើនជាលំដាប់។ ក្រៅពីអភិវឌ្ឍអាជីវកម្មសំរាប់សមាជិកហាងចាប់ហួយ ម៉ាក្រូក៏មានគម្រោងសាកលវិទ្យាល័យ ដែល ផ្តោតលើការបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងទៅដល់សិស្សនិស្សិត បុគ្គលិកសាកលវិទ្យាល័យ និងមន្ត្រីរាជការ ជាដើម។ គម្រោងនេះនឹងផ្តល់នូវចំណេះដឹង ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងការគ្រប់គ្រងអាជីវកម្មលក់រាយ។ ផ្សារម៉ាក្រូ សង្ឃឹមថានឹងអាចចូលរួមបង្កើតធនធានមនុស្សដែលពោរពេញទៅដោយសមត្ថភាព និងចំណេះដឹង ឲ្យកាន់តែច្រើនឡើង តាមរយៈការចែករំលែកនូវភាពជំនាញដែលយើងមានក្នុងវិស័យអាជីវកម្មលក់រាយទំនើបកន្លងមក។

ស្របពេលជាមួយគ្នានេះផងដែរ ម៉ាក្រូមានក្តីសោមនស្សរីករាយជាខ្លាំង និងសូមប្រកាសថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសាកលវិទ្យាល័យដៃគូដំបូងបំផុតរបស់យើង ដែលនឹងចូលរួមក្នុងវគ្គ បណ្តុះបណ្តាល ស្តីអំពីការគ្រប់គ្រងអាជីវកម្មលក់រាយ សំរាប់គម្រោងមិត្តសម្លាញ់ចាប់ហួយលើកទីមួយនេះ។ ថ្ងៃទី៩ ខែសីហា កន្លងទៅនេះ គឺជាថ្ងៃដែលសម្ពោធការចាប់ផ្តើមវគ្គបណ្តុះបណ្តាលដល់សិស្សនិស្សិតនៅសាកលវិទ្យាល័យ។ សិស្សនិស្សិតសរុបចំនួន ២៧ នាក់ បានចូលរួមក្នុងការបណ្តុះបណ្តាលនេះ។ ពួកគេទាំងអស់សុទ្ធតែជានិស្សិតដែលកំពុងរៀនឆ្នាំទី ៤ និងកំពុងត្រៀមខ្លួនចេញមកប្រលូកក្នុងសង្គមការងារ ឬប្រកបមុខរបររកស៊ីផ្ទាល់ខ្លួន បន្ទាប់ពីបញ្ចប់ការសិក្សានាពេលដ៏ខ្លីខាងមុខ។

កម្មវិធីគម្រោងសាកលវិទ្យាល័យនេះ ត្រូវបានបែងចែកជា ៥ ដំណាក់កាល។ សកម្មភាពទាំងនៅក្នុងថ្នាក់រៀន ក៏ដូចជាក្រៅថ្នាក់រៀន ត្រូវបានរៀបចំរួមបញ្ចូលទាំងអស់។ ដូច្នេះ សិស្សនិស្សិតទាំងឡាយប្រាកដជាទទួលបានចំណេះដឹងទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីអាចយកចំណេះទាំងនេះទៅប្រើប្រាស់ក្នុងជីវិតនាថ្ងៃអនាគត។ ចំណេះដឹងនេះ គឺមានសារៈប្រយោជន៍ជាខ្លាំងសំរាប់បុគ្គលដែលមានបំណងចង់ស្វែងយល់ស៊ីជម្រៅអំពីមុខរបរលក់រាយ មានបំណងចង់បើកមុខរបររកស៊ីថ្មី ធ្វើឲ្យអាជីវកម្មកាន់តែមានស្តង់ដារ ឬបង្កើនអាជីវកម្មដែលមានស្រាប់របស់មា្តយឪពុករបស់ខ្លួនជាដើម។ បន្ថែមពីលើនេះ ផ្សារម៉ាក្រូ ក៏សូមស្វាគមន៍ដល់គ្រប់ស្ថាប័នផ្សេងៗទៀតទាំងអស់ដូចជា សាកលវិទ្យាល័យ និង ស្ថាប័នរដ្ឋនានាដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយគម្រោងមិត្តសម្លាញ់ចាប់ហួយ សូមមេត្តាអញ្ជើញមកទាក់ទងយើងខ្ញុំបានគ្រប់ពេលវេលា នៅផ្សារម៉ាក្រូ សាខាសែនសុខ។ ម៉ាក្រូ ប្តេជ្ញាក្លាយជាដៃគូអាជីវកម្មដ៏ស្មោះស្ម័គ្ររបស់អស់លោកអ្នក។