ข่าวประชาสัมพันธ์

ព័ត៌មាននិងសកម្មភាព

14 កក្កដា 2017
Supplier Conference

ម៉ាក្រូកសាងទំនុកចិត្តតាមរយៈសន្និសីទអ្នកផ្គត់ផ្គង់ជាលើកដំបូង រាជធានីភ្នំពេញ- ម៉ាក្រូ គឺជាមជ្ឈមណ្ឌលចែកចាយផលិតផលបែបបោះដុំក្នុងប្រព័ន្ធសមាជិកមកពីប្រទេសថៃ ដែលផ្តល់សេវាកម្មដល់សមាជិកអាជីពក្នុងវិស័យលក់រាយដូចជា ហាងលក់ចាប់ហួយ សណ្ឋាគារ ភោជនីយដ្ឋាន និង សេវាកម្មម្ហូបអាហារ (HoReCa) ព្រមទាំង ប្រតិបត្តិករអាជីវកម្មជាច្រើនទៀត។ ម៉ាក្រូផ្តល់ជូនទាំងផលិតផលក្នុងស្រុក និងអន្តរជាតិជាច្រើនប្រភេទ ប្រកបដោយគុណភាពដែលធានាសុវត្ថិភាពដោយស្តង់ដារប្រទេសថៃនិងអន្តរជាតិក្នុងតម្លៃដែលអតិថិជនអាចគ្រប់គ្រងនិងទទួលបានប្រាក់ចំណេញ។ កិច្ចជំនួបប្រជុំជាមួយអ្នកផ្គត់ផ្គង់ជាលើកដំបូងបានធ្វើឡើងក្នុងសាលប្រជុំធំរបស់សណ្ឋាគារភ្នំពេញ ដើម្បីបង្ហាញពីម៉ាក្រូដល់អ្នកផ្គត់ផ្គង់ទាំងក្នុងនិងក្រៅស្រុក ក៏ដូចជាពង្រឹងទំនាក់ទំនងក្នុងភាពជាដៃគូឲ្យកាន់តែមាននិរន្តភាព។ លោក ណុបផាឆៃ មីតាម អគ្គនាយកក្រុមហ៊ុន ម៉ាក្រូ (កម្ពុជា) បានមានប្រសាសន៏ថា “ សន្និសីទនេះ គឺជាឱកាសមួយដែលអាចឲ្យយើងបានចែករំលែកគោលបំណងនិងតម្រូវការរបស់យើងជាមួយនឹងអ្នកផ្គត់ផ្គង់របស់យើង ដើម្បីឆ្ពោះទៅរកការប្រកួតប្រជែងកាន់តែខ្លាំង ស្របតាមគោលបំណងបង្កើតឲ្យមានទំនាក់ទំនងយូរអង្វែងជាមួយអ្នកផ្គត់ផ្គង់ ដោយផ្អែកលើការចែករំលែកគុណតម្លៃរួមគ្នា និង បង្កើតឲ្យមាននិរន្តរភាពផលប្រយោជន៍ទាំងសងខាង។ ក្នុងគោលបំណងធានាដល់ការប្រកួតប្រជែងប្រកបដោយប្រសិទ្ធិភាព ម៉ាក្រូបានសម្រិតសម្រាំងរាប់ចាប់ពីគ្រឿងផ្សំ ឫវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេច។ ទាំងអស់នេះហើយជាមូលហេតុដែលយើងត្រូវការការគាំទ្រ និងការចូលរួមពីសំណាក់អ្នកផ្គត់ផ្គង់ដើម្បីពង្រឹងបន្ថែមលើអត្ថប្រយោជន៍របស់យើង ។ ទំនាក់ទំនងរបស់យើងជាមួយអ្នកផ្គត់ផ្គង់គឺលើសពីអ្នកលក់ និង អ្នកទិញ យើងធ្វើការរួមគ្នារាប់ចាប់ពី ការវិភាគតម្រូវការរបស់អតិថិជន ការអភិវឌ្ឍផលិតផល ការគ្រប់គ្រងគុណភាព កម្មវិធីបណ្តុះបណ្តាល ការចែករំលែកជំនាញក្នុងការធ្វើទីផ្សារនិងការផ្សព្វផ្សាយ ដើម្បីឲ្យពួកគាត់មានភាពរីកចម្រើនយ៉ាងឆាប់រហ័សនិងប្រកបដោយនិរន្តរភាព ។ ម៉ាក្រូ នឹងបើកដំណើរការសាខាដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលបោះដុំទំនិញដ៏សំបូរបែបនិងច្រើនមុខនៅកន្លែងតែមួយ ក្នុងខែធ្នូចុងឆ្នាំនេះ។ ព័ត៌មានលំអិតសូមទស្សនាលើទំព័រហ្វេសបុកផ្លូវការរបស់ម៉ាក្រូ(កម្ពុជា) www.facebook.com/makrocambodia